ក្តៅៗប្លែកទៀតហេីយ៖ ច្បាប់​​រៀប​ការ​​អ្នក​​ស្រ​លាញ់​​ភេទ​​ដូច​គ្នា​​អាច​​នឹង​​បង្កើត​ឡើង​​នៅ​​កម្ពុជា​​…

រដ្ឋាភិបាល​កម្ពុជា គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​ថា​ប្រសិនបើ​មាន​ការបញ្ជ្រាប ឱ្យមាន​ការទទួលស្គាល់ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ពី​ប្រជាពលរដ្ឋ​សហគមន៍ អ្នកតាក់តែង​ច្បាប់​នឹង​រៀបចំ​គោលនយោបាយ នូវ​វិសោធនកម្ម​ច្បាប់ ដើម្បី​ទទួលស្គាល់​ការរៀប​អាពាហ៍ពិពាហ៍​ស្រលាញ់​ភេទ​ដូចគ្នា​ជា​ផ្លូវការ​។

​នៅក្នុង​ពិធី​បើក​សន្និបាត​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ស្តីពី​សិទ្ធិ​ស្រឡាញ់​ភេទ​ដូច​គា្ន ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថា​សម្រាប់​កម្ពុជា​មិនមានឧ​សគ្គ​អ្វី​នោះទេ ក្នុង​ការបញ្ជ្រាប​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍ ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល ទទួលស្គាល់​ការរៀប​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា គ្រាន់តែ​ប្រើ​រយៈពេល​យូរ​បន្តិច​ប៉ុណ្ណោះ​។


​លោក​បញ្ជាក់ថា ដើម្បី​ឈានទៅរក​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​គោលនយោបាយ​ទទួលស្គាល់​ភាពស្របច្បាប់​ នៃ​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន លុះត្រាតែ​មាន​ខិតខំ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ការផ្សព្វផ្សាយ​អប់រំ​តាម​គ្រប់​រូបភាព និង​មធ្យោបាយ ដើម្បី​ឱ្យមាន​ការកាត់បន្ថយ​ការរើសអើង និង​ស្អប់ខ្ពើម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នៅ​ក្នុងសង្គម និង​សហគមន៍ ដែល​ពួកគេ​រស់នៅ​។​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា នៅពេលដែល​សង្គម និង​សហគមន៍​មាន​ការទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ហើយ​នោះ អ្នកធ្វើច្បាប់ និង​គោលនយោបាយ នឹងធ្វើ​ការពិចារណា​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​គោលនយោបាយ​ទាំងនោះ ព្រោះថា​ការរៀបចំ​ច្បាប់ និង​គោលនយោបាយ​ក្នុងប្រទេស​មួយ​ត្រូវ​ស្រប និង​ឆ្លើយតបបាន​នឹង​បរិបទ​សង្គម វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​នោះ​ផងដែរ​ ។

​លោក កែវ រ៉េមី បានប្រកាសថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​ធ្វើ​ការងារ​នេះ ដើម្បី​លើកស្ទួយ​កុំឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស ក៏ដូចជា​ការចូលរួម​រាល់​ការតាក់តែង​ច្បាប់ អនុក្រឹត្យ ឬ​គតិយុត្ត​ផ្សេងៗ មិនឱ្យ​ប៉ះពាល់​ទៅលើ​សិទ្ធិ​បុគ្គល​ណា​ម្នាក់​ឡើយ​។

លោក កែវ រ៉េមី ក៏បាន​ទទូច​ឱ្យ​មានការចូលរួម​ទាំងអស់គ្នា ទាំង​សារព័ត៌មាន​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ កុំឱ្យ​មានការ​រើស​អើងនៃ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។


​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ អង្គការ​សហគមន៍​ឥន្ទ​ធនូ ហៅ​កាត់​ថា (Rock) បានរៀបចំ​ធ្វើ​សន្និបាត​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ស្តីពី​សិទ្ធិ​ស្រឡាញ់​ភេទ​ដូច​គា្ន​, ការប្តូរ​ភេទ និង​អន្តរ​ភេទ​ក្រោម​ប្រធានបទ “​រួមគា្ន​ដើម្បី​សេចក្តីស្រឡាញ់​” នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែលមាន​ការចូលរួម​ពី​តំណាង​ប្រហែលជា​ង​៣០​ប្រទេស​នៅ​តំបន់​អាស៊ី​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *