ហួសថ្លែងតែម្ដង!! បុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ ហើយមានជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិ ក្នុងខ្លួនថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់មួយរំពេជ ខណៈរូបគេជិះម៉ូតូយ៉ាងលឿនបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែម កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយផ្លោងបោកក្បាលជាមួយបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ។

ជាមួយគ្នានោះ ក៏មានជនសង្ស័យមួយក្រុមបានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួចយកកាបូបលុយ និងរបស់ផ្សេងៗមួយចំនួនចេញទៅបាត់ ដោយមិនមានរបស់អ្វីសម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះនោះឡើយ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកនៅឯវត្តជាបឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ៕

Leave a Reply

Your email address will not be published. Required fields are marked *