លោក ម៉ៅ ហាជី ត្រូវគេអះអាងថាលែងប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ…….

លោក ម៉ៅ ហាជី ត្រូវគេអះអាងថាលែងប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ.......

បើទោះជាបេក្ខជនដែលបានល្បីឈ្មោះពីកម្មវិធី Cambodian Idol លោក ម៉ៅ ហាជី នៅមិនព្រមផ្ដល់សម្ភាសន៍នៅឡើយ ពាក់ព័ន្ធនឹងដំណឹងបញ្ចប់ទំនាក់ទំនងជាមួយប្រពន្ធ និងកូនប្រុសក្រៅចំណងអាពាហ៍ពិពាហ៍នៅខេត្តបាត់ដំបង ក៏ប្រភពកាន់តែច្រើនអះអាងថា នោះជាដំណឹងពិតប្រាកដ។ យ៉ាងណាក៏ដោយ អ្នកកៀកកិតរបស់លោកបានបញ្ចេញទិន្នន័យមួយថ្មីថា ហេតុផលដែលលោកដាច់ចិត្តជាមួយភរិយាកម្សត់កម្រនោះ មិនមែនដោយសារនារីទ្រព្យស្ដុកជាជនទី៣ដូចការចុះផ្សាយនោះទេ គឺដោយសារលោកមិនចង់ត្រាំត្រែងក្នុងរឿងចម្រូងចម្រាស់ជាមួយគ្នា ជាពិសេសគឺភ្លើងប្រច័ណ្ឌបង្កឡើងដោយអតីតភរិយានោះតែប៉ុណ្ណោះ។

មនុស្សកាន់តែច្រើនបានចេញមុខទទួលស្គាល់ជំនួសថា លោក ម៉ៅ ហាជី និងតារាចម្រៀងវង់តន្ត្រីរួមក្រុម ឈ្មោះស្រីមុំ ដែលត្រូវគេអះអាងថាភរិយាក្រោមដំបូលផ្ទះរបស់លោកពិតជាដាច់ដោចគ្នា។ អ្នកទំាងពីរទើបតែបានចែកផ្លូវគ្នាទាំងស្រុងកាលពីមួយខែមុននេះ បន្ទាប់ពីបានផ្ទុះជម្លោះធំជាមួយគ្នាពាក់ព័ន្ធនឹងរឿងប្រច័ណ្ឌ ស្របនឹងទីផ្សាររបស់លោកក៏បានចេញច្រៀងជាមួយតារាល្បីៗក្នុងក្រុមរបស់ករុណាពេជ្រដេគ័រ ក្នុងក្រុមពិធីការរបស់លោកយ៉ែម សំអូន និងក្នុងក្លិបថោនក្នុងនាមជាតារាចម្រៀងលេចធ្លោម្នាក់។

មកទល់ពេលនេះ មានការបញ្ជាក់ថាកូនប្រុសរបស់លោកជាមួយតារាចម្រៀងស្រីមុំ ដែលមានវ័យប្រមាណជា៥ឆ្នាំ ត្រូវបានប្រគល់ទៅឲ្យខាងម្ដាយជាអ្នកគ្រប់គ្រង បើទោះជាកូនប្រុសនោះគឺលោក ម៉ៅ ហាជី ក៏ចង់បានដែរ។

មិនត្រឹមតែប្រភពខាងក្រៅនោះទេដែលលើកឡើងពាក់ព័ន្ធនឹងការបែកបាក់នេះ គឺសូម្បីតែអ្នកលេងភ្លេងម្នាក់នៅក្លិបថោន ដែលស្និទ្ធនឹងលោក ម៉ៅ ហាជី ក៏បញ្ជាក់ដូចគ្នាផងដែរ។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ថា អ្នកទាំងពីរលែងលះគ្នាដល់កម្រិតណានៅអាជ្ញាធរនោះទេ ដោយគ្រាន់តែមានការអះអាងថា លោក និងអ្នកចម្រៀងស្រីមុំ គ្រាន់តែជាប្ដីប្រពន្ធគ្នាចិត្តនិងចិត្តដែលមានការដឹងឮពីក្រុមរួមអាជីព និងសាច់ញាតិទាំងសងខាង។ តារាមួយរូបដែលត្រូវគេឃើញឧស្សាហ៍ស៊ីផឹកជាមួយ លោក ម៉ៅ ហាជី និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ “ពីរនាក់ហ្នឹង(ប្ដីប្រពន្ធម៉ៅ ហាជី) ឈ្លោះបែកៗ តែអញ្ចឹងយូរហើយ ប៉ុន្តែលើកហ្នឹងគឺមែនទែនហើយ ព្រោះឮហាជីអាមុំហ្នឹងកាច ហើយប៉ិនរករឿងពេក”។

ម៉ៅ ហាជី (ឆ្វេង) និង​តារាក្នុងក្រុមរបស់ករុណាពេជ្រដេគ័រ (រូប​ពី​ហ្វេសប៊ុក​)

យោងតាមប្រភពដែលបានទម្លាយចេញ និងត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយយ៉ាងផុសផុលផងនោះ គឺលោក ម៉ៅ ហាជី និងអតីតភរិយាក្រៅខាន់ស្លាឈ្មោះ ស្រីមុំ បានរួមរស់គ្នានៅខេត្តបាត់ដំបងប្រមាណជា៦ឆ្នាំចាប់តាំងពីអ្នកទាំងពីរបានក្លាយជាអ្នកចម្រៀងក្នុងវង់តន្ត្រីតែមួយ។ អ្នកទាំងពីរមានកូនប្រុសម្នាក់អាយុ៥ឆ្នាំ ដោយក្មេងប្រុសនោះត្រូវគេអះអាងថាមានមុខមាត់ដូចគ្នាភាគច្រើននឹងលោក ម៉ៅ ហាជី ដោយតារាចម្រៀងរូបនេះស្រឡាញ់កូនប្រុសរបស់ខ្លួនខ្លាំងណាស់។ ប្រភពជាច្រើនក៏លើកដូចគ្នាថា អ្នកនាងស្រីមុំ ដែលជាភរិយាកម្សត់កម្ររបស់លោកនោះ មិនសូវមានមុខមាត់ស្រស់ស្អាតនោះទេ ប៉ុន្តែនាង និងលោកចាប់ដៃគ្នាច្រៀងរកលុយសល់លុយសល់កាក់គួរសម តាំងពីមុនមានឈ្មោះបោះសំឡេងពីកម្មវិធី Cambodian Idol ។

ក្នុងពេលបែកធ្លាយដំណឹងលែងលះប្រពន្ធភ្លាមៗ មិនមានអ្នកណាអះអាងថាអ្វីជាមូលហេតុនៅពីក្រោយនោះទេ ក្រៅតែពីមានការយល់ថា នារីទ្រព្យស្ដុកម្នាក់គឺជាមូលហេតុនាំឲ្យលោកបញ្ចប់ជីវិតតស៊ូជាមួយភរិយាកម្សត់កម្រតទៅទៀត។ ទើបតែមុននេះប៉ុណ្ណោះ ដែលមានការទម្លាយបន្ថែមថា បញ្ហាបែកបាក់របស់ប្ដីប្រពន្ធមួយគូនេះគឺដោយសារតែលោក និងអ្នកនាងស្រីមុំ ឧស្សាហ៍ឈ្លោះគ្នា ដោយទំនាស់ចុងក្រោយគឺជាភ្លើងប្រច័ណ្ឌ ដែលត្រូវគេអះអាងថាបណ្ដាលមកពីភរិយារបស់លោកកើតអារម្មណ៍ប្រច័ណ្ឌបន្ទាប់ពីលោកល្បីឈ្មោះ។

នេះជាដំណឹងរសើបថ្មីមួយ បន្ទាប់ពីលោកក៏បានផ្ទុះរឿងប្ដឹងផ្ដល់ជាមួយហង្សមាសពាក់ព័ន្ធនឹងរឿងកុងត្រាធ្វើឲ្យមានការរិះគន់។ តារាម្នាក់ទៀតដែលត្រូវគេស្គាល់ថានៅកៀកកិតនឹងលោកផងដែរនិយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ “ម្នាក់ស្រីមុំហ្នឹង និងហាជីដាច់គ្នាមែនហើយ ប៉ុន្តែរឿងកូនគាត់(ម៉ៅ ហាជី)ថា គាត់មិនចោលទេ”។

លោក ម៉ៅ ហាជី នៅតែមិនព្រមធ្វើការបញ្ជាក់ពាក់ព័ន្ធនឹងរឿងនេះឡើយ ដោយមានការអះអាងថា អ្នកសារព័ត៌មានពីរបីរូបសុំសម្ភាសន៍ក្នុងពិធីខួបកំណើតរបស់កញ្ញាស៊ីរីកា កាលពីយប់ថ្ងៃទី៣ ខែមេសា ក៏លោកបដិសេធ។ នៅថ្ងៃទី៤ ខែមេសា លោកនៅតែមិនព្រមនបកស្រាយ ដោយខលចូលគ្រាន់តែដឹងថាជាអ្នកសារព័ត៌មានក៏បិទចោល ហើយឈប់លើក។ យ៉ាងណាក៏ដោយ VOD នឹងរង់ចាំទទួលការស្រាយបំភ្លឺរបស់លោក ពាក់ព័ន្ធនឹងដំណឹងរសើបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *