ជីវិតមនុស្សស្រី? រស់នៅជាមួយប្ដី៦ឆ្នាំ ទាំងខ្លួនពិការជើង ត្រូវម្ដាយក្មេងមើលងាយ ជេរប្រមាថ និងតាមបំបែកយកកូនប្រុសទៅវិញ រហូតដល់ស្ត្រីអភ័ព្វពរកូនតូចតាមរកប្ដី ឲ្យចូលខ្លួនដោះស្រាយ

ជីវិតមនុស្សស្រី? រស់នៅជាមួយប្ដី៦ឆ្នាំ ទាំងខ្លួនពិការជើង ត្រូវម្ដាយក្មេងមើលងាយ ជេរប្រមាថ និងតាមបំបែកយកកូនប្រុសទៅវិញ រហូតដល់ស្ត្រីអភ័ព្វពរកូនតូចតាមរកប្ដី ឲ្យចូលខ្លួនដោះស្រាយ

ខេត្តកំពតៈ ប្តីប្រពន្ធ២នាក់ បានរួមរស់នឹងគ្នាយ៉ាងមានសុភមង្គល អស់រយៈពេល៦ឆ្នាំមកហើយ និងថែមទាំងបង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យទៀតផង ស្រាប់តែចុងក្រោយ បែរជាត្រូវម្តាយខាងប្រុសព្យាយាមតាមបំបែក រហូតដល់បុរសជាប្តីដាច់ចិត្តដោះដៃចោលប្រពន្ធកូន ដោយគ្មានពាក្យលាសូម្បីមួយម៉ាត់ ទោះជាប្រពន្ធខំពកូនតាមរក ក៏មិនព្រមជួប ចេះតែគេចវេះរហូត ទីបំផុត ស្ត្រីជាប្រពន្ធបានប្រកាសអង្វរសូមឱ្យប្តីចូលខ្លួនមកដោះស្រាយ បញ្ចប់ស្នេហ៍ជាមួយគ្នាឱ្យបានដាច់ស្រេច។

ស្ត្រីអភ័ព្វដែលត្រូវប្តីព្យាយាមដោះដៃចោល មានឈ្មោះសៀង មួយគៀង អាយុ២២ឆ្នាំ ជាជនពិការជើង មានស្រុកកំណើតនៅខេត្តឧត្តរមានជ័យ។ ចំណែកបុរសជាប្តី គឺជាបុគ្គលិកក្រុមហ៊ុនមួយនៅម្តុំវិមានឯករាជ្យ និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមសម្តីស្ត្រីឈ្មោះ សៀង មួយគៀង បានរៀបរាប់ទាំងទឹកភ្នែកថា នាងនិងប្តីបានរួមរស់នឹងគ្នា ជាប្តីប្រពន្ធអស់រយៈពេល៦ឆ្នាំមកហើយ និងថែមទាំងបង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃទើបនឹងអាយុ១ខួបកន្លះ ជាចំណងនិស្ស័យទៀតផង គ្រាន់តែរវាងប្តីប្រពន្ធនាង រួមរស់នឹងគ្នាដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ហើយសូម្បីសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ក៏មិនមានដែរ។ កន្លងមក តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធនាងស្រលាញ់គ្នាខ្លាំងណាស់ ហើយទោះដឹងថា នាងពិការជើងតាំងពីកំណើតយ៉ាងណា ក៏ប្តីនៅតែស្រលាញ់យកចិត្តទុកដាក់ថ្នាក់ថ្នមនាង មិនដែលធ្វើអ្វីឱ្យទាស់ចិត្តឡើយ ហើយក៏មិនដែលកើតមានទំនាស់អ្វី នឹងគ្នាធំដុំដែរ។

ស្ត្រីអភ័ព្វខាងលើ បានបន្តថា ដំបូងឡើយ ឪពុកម្តាយខាងប្តី មិនបានជំទាស់រារាំងអ្វីនោះឡើយ គ្រាន់តែមិនសូវពេញចិត្តជាមួយនាងប៉ុណ្ណោះ លុះក្រោយមក នៅពេលដែលនាងចាប់ផ្តើមមានផ្ទៃពោះកូនស្រី ស្រាប់តែម្តាយឪពុកក្មេក បែរជាព្យាយាមតាមបំបែកបំបាក់ប្តីប្រពន្ធនាង មិនចង់ឱ្យរួមរស់ជុំគ្នាទៀតទេ ហើយសូម្បីតែប្តីរបស់នាង ក៏ឧស្សាហ៍ប្រាប់នាងជារឿយៗដែរថា ម្តាយគាត់មិនពេញចិត្តនឹងនាងទេ ចង់តែបំបែកពួកយើងទេ តែគាត់មិនព្រមមិនធ្វើតាម ព្រោះគាត់ពិតជាស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ហើយគាត់សន្យាថា មិនបោះបង់ចោលប្រពន្ធកូនដាច់ខាត។ ស្រាប់តែមួយរយៈចុងក្រោយនេះ ប្តីរបស់នាងចាប់ផ្តើមប្លែក ដោយលែងសូវទាក់ទងទៅរកនាង សូម្បីតែពេលនាងទូរស័ព្ទមកជួបម្តងៗ ប្តីលែងសូវនិយាយស្តីច្រើន សូម្បីតែកូនស្រីក៏មិនចង់ជួបមុខ ទាំងដែលកូនស្គាល់មុខឪពុកយ៉ាងច្បាស់ និងស្រលាញ់ឪពុកខ្លាំងណាស់ ឱ្យតែបើកទូរស័ព្ទឃើញរូបថតឪពុក ចេះតែស្រែករកប៉ាៗមិនឈប់។

ស្ត្រីអភ័ព្វរូបនេះ បានឱ្យដឹងទៀតថា ដោយសារតែចង់ដោះស្រាយគ្នាឱ្យបានច្បាស់លាស់ ទើបនាងបានស្កាត់ចេញពីខេត្តឧត្តរមានជ័យ ឡើងមករាជធានីភ្នំពេញ ដើម្បីជួបមុខប្តីដោះស្រាយគ្នា តែប្តីមិនព្រមជួបសោះ ទូរស័ព្ទក៏មិនព្រមលើក និងថែមទាំងប្លុកលេខទូរស័ព្ទនាងចោលទៀត មិនតែប៉ុណ្ណោះ នៅបានប្លុកហ្វេសប៊ុកនាងចោល មិនឱ្យទាក់ទងតាមឆាតបានទៀត។ លុះនាងខំនាំកូនជិះម៉ូតូឌុបតាំងក្តៅហែង ទៅរកប្តីដល់កន្លែងធ្វើការ បែរជាប្តីគេចវេះមិនព្រមមកជួបនាងទៀត ទើបធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង។ ពេលនេះ នាងមិនដឹងជាត្រូវគិតយ៉ាងណានោះទេ ព្រោះតាមរកប្តី៦ថ្ងៃមកហើយ ប្តីមិនព្រមជួបមុខសោះ សូម្បីលុយដេកផ្ទះសំណាក់ក៏អស់ច្រើនដែរ គ្មានលទ្ធភាពដេកស្នាក់នៅបន្តទៀតនោះទេ និងត្រូវបានអ្នកមានសន្តានចិត្តល្អម្នាក់ បានហៅឱ្យនាងស្នាក់នៅជាមួយ គ្រាន់បានសម្រាលការចំណាយខ្លះ។

ស្ត្រីខាងលើ បានបញ្ជាក់ថា តាមពិតនាងដឹងថា ប្តីរបស់នាងគេចមុខនាងនេះ មិនមែនមកពីគាត់មានស្រីញីអ្វីថ្មីនោះទេ តែព្រោះមានគំនាបពីឪពុកម្តាយគាត់ ព្រោះឪពុកម្តាយគាត់បានដៀលត្មះនាងសព្វបែបយ៉ាង ថានាងពិការជើងបែបនេះ មិនសមជាមួយកូនប្រុសគាត់ទេ កូនប្រុសគាត់រៀនចប់បញ្ញាសាស្ត្រ អក្សរសាស្ត្រអង់គ្លេស បែរជាមកស្រលាញ់ស្រីពិការជើង គ្មានផ្ទះសំបែង គ្មានពូជអំបូរត្រឹមត្រូវ និងថែមទាំងបោះសម្តីថា ចង់ប្តឹងដល់ណាក៏ប្តឹងទៅ ព្រោះរវាងនាងនិងកូនប្រុសគាត់ គ្មានអេតាស៊ីវិលអីទេ រស់នៅជាមួយគ្នាអត់ខាន់ស្លា ណាមួយនាងក៏មិនហ៊ានប្តឹងដែរ ព្រោះគេមានខ្នងធំ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ម្តាយក្មេករបស់នាងបានទូរស័ព្ទទៅនិយាយជាមួយម្តាយរបស់នាងថា នាងមិនសមនឹងកូនប្រុសរបស់គាត់ទេ គេរៀនសូត្របានខ្ពង់ខ្ពស់ មានមុខមានមាត់ មកយកប្រពន្ធពិការជើងមិនសមទេ ពេលទៅណាមកណា ពិសេសទៅស្រុកម្តងៗ ខ្មាសគេឯងពេញភូមិ ដែលសម្តីទាំងនេះ ធ្វើឱ្យនាងឈឺចាប់រកពាក្យអ្វីមកថ្លែងពុំបានឡើយ។

ស្ត្រីអភ័ព្វខាងលើ បានឱ្យដឹងដែរថា អ្វីដែលនាងអាណិតបំផុតនោះ គឺកូនស្រីតែងយំរកប៉ារាល់ថ្ងៃ ព្រោះគេចាំមុខប៉ាគេច្បាស់ណាស់ ពេលកូនស្រីយំ នាងតែងយកទូរស័ព្ទបើករូបថតប្តីឱ្យកូនស្រីមើល លុះពេលឃើញមុខឪពុកហើយ កូនស្រីក៏បាត់យំ និងចេះតែស្រែកហៅប៉ាៗជាប់មាត់រហូត។ កន្លងមក នាងធ្លាប់ផ្តល់ក្តីរំពឹងក្នុងជីវិតទាំងស្រុងទៅលើប្តី និងមិនធ្លាប់គិតថា មានថ្ងៃនេះឡើយ តែពេលនេះអ្វីៗដែលជាក្តីរំពឹងរបស់នាងបានរលាយបាត់ទាំងស្រុងអស់ហើយ។ យ៉ាងណាក្តី អ្វីដែលជាជំហររបស់នាង នៅពេលនេះ គឺគ្រាន់តែចង់អង្វរឱ្យប្តីចេញមុខមកដោះស្រាយជាមួយនាងឱ្យបានដាច់ស្រេច ហើយនាងក៏មិនរំពឹងថា ប្តីនឹងអាចបកក្រោយត្រឡប់មករកប្រពន្ធកូនវិញដែរ ហេតុនេះ នាងគ្រាន់តែចង់និយាយគ្នាឱ្យច្បាស់លាស់ថា បើប្តីគិតថា តាមម្តាយរបស់ខ្លួនហើយ ក៏តាមទៅចុះ នាងមិនអាចឃាត់ឃាំងបានឡើយ ប៉ុន្តែសុំឱ្យប្តីដោះស្រាយផ្តល់លុយកាក់ឱ្យនាងដើម្បីចិញ្ចឹមកូនស្រី បន្តជីវិត២នាក់ម៉ែកូនទៅមុខទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *