ចោរគាស់ទូកុងតឺន័រ៥នាក់ ផ្លោះរបងចូលលួចកង់ឡាន ត្រូវម្ចាស់ឃើញទាន់រត់ចែកជើងគ្នា បន្សល់ទុកម៉ូតូ២គ្រឿង ឲ្យសមត្ថកិច្ច

ចោរគាស់ទូកុងតឺន័រ៥នាក់ ផ្លោះរបងចូលលួចកង់ឡាន ត្រូវម្ចាស់ឃើញទាន់រត់ចែកជើងគ្នា បន្សល់ទុកម៉ូតូ២គ្រឿង ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោង២ៈ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចឃ្លាំងលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៥នាក់ បានធ្វើសកម្មភាពផ្លោះ របងចូលគាស់ទូកុងតឺន័រ លួចកង់ឡាន និងសម្ភារៈផ្សេងៗ ត្រូវម្ចាស់ឃើញទាន់រត់ចែកជើងគ្នា បន្សល់ទុកម៉ូតូ២គ្រឿង ឲ្យសមត្ថកិច្ច។

មុនយប់ថ្ងៃកើតហេតុមួយថ្ងៃ គឺគាត់បានបាត់បង់កង់រថយន្តប្រភេទធំៗអស់ចំនួន១០គ្រាប់ (មិនបានបញ្ចាក់តម្លៃ)។ រួចនៅយប់កើតហេតុ គាត់ក៏រង់ចាំឃ្លាំមើល រហូតមានជនសង្ស័យប្រមាណ៥នាក់ បានផ្លោះរបងលួចគាស់ទូកុងតឺន័រ បម្រុងលួចយកកង់រថយន្ត និងសម្ភារផ្សេងៗ ដែលមានតម្លៃក្នុងនោះ ទើបរូបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ តែធ្វើឲ្យក្រុមជនសង្ស័យទាំងនោះដឹងខ្លួនទាន់ នាំគ្នារត់ចែកជើងគ្នា បន្សល់ទុកម៉ូតូចំនួន២គ្រឿង នៅក្បែរឃ្លាំងរបស់គាត់ ដោយ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-0824 និងមួយគ្រឿងទៀតម៉ាក MSX គ្មានស្លាកលេខ។

កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយស្រាវជ្រាវរុករកតាមគុម្ពព្រៃក្បែរទីតាំងខាងលើ អស់រយៈពេលជិត១ម៉ោង នៅតែមិនឃើញជនសង្ស័យ ទើបសមត្ថកិច្ចដកហូតម៉ូតូចំនួន២គ្រឿងខាងលើ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ២ រង់ចាំស្រាវជ្រាវ តាមចាប់ជនសង្ស័យទាំងនោះ បន្តទៀតនៅពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *