ក្តៅៗ៖ លោក ឈាង វុន ​បណ្តេញ ​អ្នកស្រី​ មូរ សុខហួរ ឲ្យ​​ចេញពីកិច្ចប្រជុំសភា ​អាស៊ី អឺរ៉ុប ……

ក្តៅៗ៖ លោក ឈាង វុន ​បណ្តេញ ​អ្នកស្រី​ មូរ សុខហួរ ឲ្យ​​ចេញពីកិច្ចប្រជុំសភា ​អាស៊ី អឺរ៉ុប ......

ភ្នំពេញៈ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ​កាលពី​ម្សិលមិញ​បាន​ការពារ​ «​ភាព​ស្របច្បាប់​» ​របស់​កម្ពុជា បន្ទាប់ពី​លោក​បញ្ចប់​បេសកកម្ម​ជាមួយ​គណៈប្រតិភូ​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំសភា​អាស៊ី អឺរ៉ុប​នៅ​ប្រទេស​បែលហ្ស៊ិក​ទី​ដែល​លោក​បាន ​«​បណ្ដេញ​» ​លោកស្រី​ មូរ សុខហួរ ​ដែល​មក​សម្តែង​ការគួរសម​ចំពោះ​រូបលោក​ជា​អ្វី​ដែល​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សម្តែង​ «​ការសោកស្ដាយ​» និង​ចោទ​ថា ជា​ចរិត​របស់​ «​មនុស្ស​មិន​ស្រប​ច្បាប់​»​។

គណៈប្រតិភូ​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន​ ៥ ​រូប​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​នៃ​សភា​អាស៊ី-អឺរ៉ុប​លើក​ទី ១០ ដែល​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​ចាប់ពី​ថ្ងៃទី ២៧ និង ២៨ ខែ​កញ្ញា​ដែល​ផ្តោត​លើ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន សម្រាប់​តំបន់​អាស៊ី និង​អឺរ៉ុប​។


ភាពចម្រូង​ចម្រាស​បាន​កើតឡើង​នៅពេល​ដែល​អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោកស្រី​ មូរ សុខហួរ បាន​ទៅ​សម្តែង​ការគួរសម​ជាមួយ​លោក​ ឈាង វុន​។

លោកស្រី​ មូរ សុខហួរ បាន​ថ្លែង​តាម​វីដេអូ live នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី​កាលពី​ម្សិលមិញ​ពី​ក្នុង​សាលប្រជុំ​សភា​អឺរ៉ុប​ថា​លោកស្រី​មាន​ «​ការសោកស្ដាយ​»​ បន្ទាប់ពី​គណៈប្រភិភូ​កម្ពុជា​ដែល​ក្នុង​នោះ​មាន​លោក ឈាង វុន បាន​ប្រើ​ភាសា និង​ឥរិយាបថ​មិន​សមរម្យ នៅពេល​លោកស្រី​ព្យាយាម​ទៅ​សម្តែង​ការគួរសម​ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា​ដែល​ជួបគ្នា​នៅឯ​ក្រៅ​ប្រទេស​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ទៅ​ជម្រាប​សួរ​គណៈប្រតិភូ​នៃ​ប្រទេស​កម្ពុជា ខ្ញុំ​ជម្រាប​សួរ​ឯកឧត្តម ឈាង វុន ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា​។ ខ្ញុំ​មាន​ការ​សោកស្ដាយ ដែល​ឯកឧត្តម​ ឈាង វុន មិន​សំពះ​ខ្ញុំ​វិញ​ផង ហើយ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​សិទ្ធិ​អ្វី​មក​ក្នុង​សភា​អឺរ៉ុប?»​។

លោកស្រី​ថា​លោកស្រី​បាន​ទៅ​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស​ដែល​បាន​បោះឆ្នោត​ឲ្យ​អតីត​គណបក្ស​ប្រឆាំង ប៉ុន្តែ​ត្រូវ​បាន​លោក​ ឈាង វុន បណ្ដាញ​ចេញ​។

លោកស្រី​បន្ថែម​ថា​៖ «​គាត់​ថា “​ខ្ញុំ​ (​ឈាង វុន​) អត់​ទទួល​ស្គាល់​ មូរ សុខហួរ ​ទេ ដើរ​ចេញ​ទៅ​”​។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់ ខ្ញុំ​មាន​កិត្តិយស​ណាស់ ដែល​ខ្ញុំ​មក​នៅ​ក្នុង​សភា​អឺរ៉ុប​នេះ មក​បង្ហាញ មក​ជម្រាប​វត្តមាន​យើង គឺជា​វត្តមាន​នៃ​ប្រជាពលរដ្ឋ​ពាក់កណ្ដាល​នគរ​»​។

លោកស្រី​ថា លោកស្រី​បាន​យក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព និង​សិទ្ធិ​បញ្ចេញមតិ​យក​ទៅ​ជជែក​។ ​«​ស្ដាយៗ ទេ​បងប្អូន​ដែល​មាន​តំណាង​យើង​នៅ​សភា​សហគមន៍​អឺរ៉ុប ដែល​ប្រើ​ភាសា​ដូច​ឯកឧត្តម ឈាង វុន ខ្ញុំ​មាន​ការសោកស្ដាយ​ណាស់​។ ដូច្នេះ​ការមិន​ស្រប​ច្បាប់​មនុស្ស​មិន​ស្រប​ច្បាប់​ចរិត​របៀប​នេះ ដែល​យើង​ខ្ញុំ​ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​នរណា​ក៏​មាន​សិទ្ធិ​ចូល​ក្នុង​សភា​ដែរ​»​។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​មក​ជា​តំណាង​បងប្អូន​ប្រជាពលរដ្ឋ​ពាក់កណ្ដាល​នគរ​លើក​រឿង​ប្រជាធិបតេយ្យ សិទ្ធិសេរីភាព​សិទ្ធិ​បញ្ចេញ​មតិ​ដើម្បី​ប្រទេស​ជាតិ​។ សហគមន៍​អឺរ៉ុប​គឺជា​សហគមន៍​ប្រជាធិបតេយ្យ យុត្តិធម៌​នឹង​ឈ្នះ​»​។

កាលពី​ថ្ងៃ​ពុធ ​រដ្ឋសភា​កម្ពុជា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បាន​ចេញ​វីដេអូ​ឃ្លីប​មួយ​ទាក់ទង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​ដោយ​ក្នុង​នោះ​លោក​ វុន ​បាន​ថ្លែង​នៅក្នុង​វីដេអូ​ថា គណៈប្រតិភូ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​ពី​សភា​នៃ​ប្រទេស​អឺរ៉ុប​ដែល​ចូល​តាម​ច្រក​ទ្វារធំ​ហើយ​លោក​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​ «​ជោគជ័យ​របស់​សភា​កម្ពុជា​» និង​ជា​ជោគជ័យ​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែរ​។

លោក​ថ្លែង​ក្នុង​វីដេអូ​ថា​៖ «​ដំណើរ​ដែល​យើង​មក​ប្រជុំ​នេះ​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​សូម​បញ្ជាក់​ជាថ្មី​ម្ដង​ទៀត​ថា​ប្រទេស​នៅ​លើ​សកលលោក​តាមរយៈ​សភា​អាស៊ី-អឺរ៉ុប​នេះ​បញ្ជាក់​ថា​កម្ពុជា​យើង​កំពុង​តែ​ដើរ​នៅលើ​ផ្លូវ​ត្រូវ​។ យើង​មាន​មោទនភាព​ដែល​អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃ​លើ​ប្រទេស ៣៨ ដែល​រំលោភ​សិទ្ធិមនុស្ស​បញ្ជាក់​ថា​ក្នុង​នោះ​គ្មាន​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​»​។

«​នៅ​ទី​នេះ​គេ​ស្វាគមន៍​យើង​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​អ្នក​ដែល​ចង់​បោកប្រាស់​ប្រជាពលរដ្ឋ​របស់​យើង​ថា គេ​នៅ​ក្រៅ​ប្រទេស មិន​ស្វាគមន៍​កម្ពុជា​ទេ​នោះ​គឺជា​ការបោកប្រាស់​ធំ​ណាស់ ការបោកប្រាស់​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​»​។

នៅពេល​ទាក់ទង​បន្ថែម​កាលពី​ម្សិលមិញ​លោក ឈាង វុន ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​បណ្ដេញ​លោកស្រី សុខហួរ ចេញ​មែន​ដោយសារ​តែ​ប្រតិភូ​របស់​លោក​គឺជា​តំណាង​ស្របច្បាប់​តែ​ ១ ​គត់​របស់​កម្ពុជា​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។ «​តាមពិត​គាត់​ចង់​មក​បន្លំ​ខ្លួន​អង្គុយ​អាសនៈ​កម្ពុជា គាត់​ឲ្យ​គេ​ជូន​មក​ដល់​ខ្ញុំ​សួរ​គាត់​ថា គាត់​មក​ធ្វើ​អី​? គាត់​បែរ​ជា​ថា គាត់​មក​សម្តែង​ការគួរសម​ជាមួយ​ខ្ញុំ ខ្ញុំ​ថា ខ្ញុំ​អត់​ទទួល​ទេ​។ តំណាង​សភា​កម្ពុជា​គឺ​មាន​តែ​ ១ ​ទេ​»​។

លោក​ចោទ​ថា​ក្រុម​របស់​លោកស្រី មូរ សុខហួរ មិន​មាន​សិទ្ធិ​អ្វី​ទេ ដោយ​លោក​ចោទ​ថា​គ្រាន់តែ​ជា​ពួក​ «​ឧទ្ទាម​» ​ប៉ុណ្ណោះ​។ ​លោក​ចោទ​សួរ​ថា​៖ «​តើ​គាត់​ជា​តំណាងរាស្ត្រ​? គាត់​ជា​ឧទ្ទាម​! គាត់​មាន​សិទ្ធិ​ពី​ណា​មក​? ​គាត់​គ្មាន​សិទ្ធិ​អី​ទេ​ហើយ​គាត់​ធ្វើ​របៀប​ឡប់ៗ ឆ្កួតៗ​អ៊ីចឹង​។ យើង​មិន​អាច​ទទួល​ពួកនេះ​បាន​ទេ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​ដេញ​គាត់​ចេញ​ពី​សាល​គណៈសភា​កម្ពុជា​។ មិន​អាច​ឲ្យ​គាត់​ឈរ​នៅ​រ៉ែរ៉ រញ៉េរញ៉ៃ​កន្លែង​ហ្នឹង​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គាត់​មក​នេះ​របៀប​ប្រុង​យក​អ្នក​ចាត់ចែង​ក្នុង​នេះ​មក​ដាក់​ទម្ងន់​លើ​ពួក​ខ្ញុំ​។ ខ្ញុំ​ដេញ​ទាំង​អាអ្នក​ហ្នឹង​ទៀត​…​នៅពេល​គាត់​ឮ​សូរ​ខ្ញុំ​មិន​ទទួល មូរ សុខហួរ គេ​ដើរ​ចេញ​លឿន​តែ​ម្ដង​»​។

លោក​ ឈាង វុន អះអាង​ថា​នៅពេល​ដែល​សភា​អឺរ៉ុប​អញ្ជើញ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​មាន​ន័យ​ថា​ពួកគេ​ទទួល​ស្គាល់​សភា​កម្ពុជា ហើយ​លោក​មិន​អាច​ឲ្យ​ក្រុម​ប្រឆាំង​មក​រំខាន​គណៈប្រតិភូ​កម្ពុជា​ដែរ​។

លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​យល់​ថា​ជាទូទៅ​ភាគី​មួយ អាច​មាន​សិទ្ធិ​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​មួយ​បាន ប៉ុន្តែ​គ្មាន​សិទ្ធិ​ក្នុង​ការដេញ​ភ្ញៀវ​ផ្សេង​ទៀត​នោះ​ទេ ទោះបី​ពេញចិត្ត​ ឬ​មិន​ពេញចិត្ត​ក្ដី​។ ​«​និយាយ​សាមញ្ញ អានេះ​យើង​ហែក​ខោអាវ​គ្នា​នៅ​មុខ​ផ្ទះ​គេ គឺ​ឈ្លោះ​គ្នា​នៅ​មុខ​បរទេស​។ បរទេស​គេ​អាច​មើលងាយ​យើង​។ ក៏ប៉ុន្តែ​ករណី​នេះ​អាស្រ័យ​លើ​ប្រទេស​សាមី​ដែល​គេ​រៀបចំ បើ​សិន​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហភាព​អឺរ៉ុប​គឺ​គេ​ជា​អ្នកចាត់ចែង​ជា​គោលការណ៍​លោក ​ឈាង វុន ក៏​គ្មាន​សិទ្ធិ​ទៅ​ដេញ​គេ​ដែរ ព្រោះ​គាត់​ (​លោកស្រី​ មូរ សុខហួរ​) ​ក៏​ជា​ភ្ញៀវ​ដែរ​»​។ «​លោក​ (​វុន​) ​អាច​មាន​សិទ្ធិ​បដិសេធ​ក្នុង​ការ​ចូលរួម បើ​សិន​មាន​វត្តមាន​លោកស្រី មូរ សុខហួរ ប៉ុន្តែ​ការប្រើ​យន្តការ​ផ្សេង​គឺ​ខុស​នឹង​គោលការណ៍​នៃ​ច្បាប់​ការទូត​។ យើង​ទៅ​ផ្ទះ​គេ យើង​គ្មាន​សិទ្ធិ​ដេញ​ភ្ញៀវ​ម្នាក់​ទៀត​បាន​ទេ​»​។
តំណាង​ស្ថានទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​ការបញ្ជាក់​ទេ​កាលពី​ម្សិលមិញ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *