មិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចចុះបិទក្រុមហ៊ុន GCG Asia ក្រោយរកឃើញថា ជាក្រុមឆបោកលក្ខណៈអន្ដរជាតិ

មិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចចុះបិទក្រុមហ៊ុន GCG Asia ក្រោយរកឃើញថា ជាក្រុមឆបោកលក្ខណៈអន្ដរជាតិ

ភ្នំពេញ៖ ក្រោយពីសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញសេចក្តីប្រកាស អំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឈ្មោះធនាគារជាតិកម្ពុជា ដាក់នៅលើ Website​ របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ មិនបានប៉ុន្មានម៉ោងផង កម្លាំងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា គឺជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។

នៅក្នុងនោះអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។

ជាមួយគ្នានេះដែរ ក្រោយពីចុះឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចក៏បានឈានទៅដល់ការបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយឈានទៅដល់ការឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំងពីរនាក់ប្ដីប្រពន្ធ យកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញនេះ នៅលើគេហទំព័រហ្វេសប៊ុក របស់ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហោះសារថា “ដំណឹងសន្តិសុខជាតិបន្ទាន់ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List។

ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា”

Leave a Reply

Your email address will not be published. Required fields are marked *