ការធ្វើចំណាកស្រុកដោយខុសច្បាប់ ងាយនឹងប្រឈមនូវទុក្ខទោស និងការកេងប្រវ័ញ្ចផ្សេង…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Ran Sereyleakhena ” បានបង្ហោះសារយ៉ាងវែងថា៖ ខ្ញុំសូមចែករំលែករឿងមួយ សំរាប់គិត និងជាបទពិសោធន៍ថ្ងៃអាទិត្យ (រឿងរបៀបនេះមានកើតកន្លងច្រើនហើយ តែខ្ញុំលឺតែគេថា មិនបានជួបអ្នករងគ្រោះនិយាយផ្ទាល់)÷

អ្នកមីងម្នាក់ដែលខ្ញុំកំពុងសន្ទនាជាមួយក្នុងរូបភាពភ្ជាប់នេះ គាត់មានជម្ងឺ ជើងមានបញ្ហា ត្រូវការជំនួយពេលដើរ គាត់ទើបតែព្រះមហាក្សត្រថៃប្រោសប្រទានលើកលែងទោសថ្មីៗនេះ បន្ទាប់ពីគាត់បានអនុវត្តទោសនៅក្នុងប្រទេសថៃ11ឆ្នាំនៃទោសទាំងមូល25ឆ្នាំរបស់គាត់ ដែលតុលាការថៃបានកាត់ទោសពីបទនាំចូលថ្នាំញៀន (គ.ស2008)។ គាត់ត្រូវបានអាជ្ញាធរថៃ បញ្ជូនគាត់មកដល់កម្ពុជាម៉ោង9យប់ ថ្ងៃ25 ខែឧសភា ឆ្នាំ2019 ជាមួយពលករ19នាក់ និងអ្នករួចទោស5នាក់ផ្សេងទៀត ហើយត្រូវបានក្រុមការងារទទួលពលករបញ្ជូនត្រលប់កម្ពុជានៃមណ្ឌលទទួលពលករ ប្រចាំក្រុងប៉ោយប៉ែតផ្ដល់សេវាផ្សេងៗ (ក្រុមការងារយើងតែងទទួល និងបំពេញភារកិច្ចបែបនេះជារៀងរាល់ថ្ងៃ24/7) ។

គាត់បានតំណាលថា កាលពីឆ្នាំនោះគាត់មានអាយុ39ឆ្នាំ គាត់មានកូនស្រី2នាក់ កូនបងអាយុ12ឆ្នាំ គាត់បានចាកចេញពីស្រុកសំពៅលូន ខេត្តបាត់ដំបងម្នាក់ឯងទៅប្រទេសថៃដោយមានបំណងទៅព្យាបាលជំងឺ នៅតាមផ្លូវគាត់បានជួបស្រ្តីខ្មែរម្នាក់មិនស្គាល់គ្នាដែលមានកូនតូចនៅនឹងដៃ និងយួរឥវ៉ាន់ច្រើន ពេលអង្គុយជាប់គ្នាស្រ្តីនោះបានពឹងឲជួយកាន់កន្រ្តកមួយ គាត់ក៏ជួយ មកដល់កន្លែងមានតម្រួតថៃត្រួតពិនិត្យស្រាប់តែគាត់ត្រូវឃាត់ខ្លួនហើយចោទថា គាត់មានកាន់ថ្នាំញៀន គាត់មិនសូវចេះភាសាថៃបានប្រកែកថាជារបស់ស្រ្តីនោះ តែស្រ្តីនោះបានប្រកែកថាមិនមែនជារបស់ខ្លួន ។ គាត់ត្រូវប៉ូលីសបញ្ជូន និងធ្វើសំណុំរឿងទៅតុលាការ កាត់ទោសគាត់។ នៅតុលាការគេបានផ្ដល់មេធាវីឲគាត់ដែរ ប៉ុន្តែមេធាវីនិយាយភាសាថៃ មានអ្នកបកប្រែ ហើយជំរុញឲគាត់ទទួលទោសដើម្បីបានទោសស្រាល (ថ្នាំគាត់ជាប់បន្ទុកមានចំនួនជាង1000គ្រាប់) មេធាវីប្រាប់គាត់ថា បើគាត់កាន់តែប្រកែក កាន់តែរើ គាត់កាន់តែជាប់ គាត់គ្មានជំរើស គាត់សុខចិត្តទទួលទោស។ រយៈពេល11ឆ្នាំគាត់បានព្យាយាមទាក់ទងមកផ្ទះតាមរយៈការសរសេរសំបុត្រជារឿយៗ តែគាត់ទទួលត្រលប់វិញដោយភ្ជាប់លិខិត គ្មានអ្នកទទួល ដូច្នេះយូរៗទៅគាត់ណាយនឹងការសរសេរ សរុបមកគាត់ថា មិនដែលបានទាក់ទងមកក្រុមគ្រួសារជាពិសេសកូនតូចៗទេ ។ រយៈពេលនៃការជាប់ឃុំរបស់គាត់ ជាមួយជនជាតិខ្មែរជាង100នាក់ដទៃទៀត ក្នុងចំណោមជនជាប់ទោសសរុប5000នាក់ នៃពន្ធនាគារមួយ ក្នុងខេត្តនគររ៉ាត គាត់ធ្លាប់ឃើញខាងស្ថានទូត(តាមគាត់ការរៀបរាប់ ខ្ញុំសន្និដ្ឋានថាគឺលោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃជំនាន់នោះ) ទៅសាកសួរសុខទុក្ខម្ដងក្នុងព.ស2055 (គ.ស 2011) ប៉ុន្ដែមិនត្រូវបានរៀបចំឲបានប្រាស្រ័យជាមួយអ្នកជាប់ទោសជនជាតិខ្មែរទេ គ្រាន់តែបានយកសម្ភារៈឧបត្ថម្ភមកចែក ដោយប្រគល់ទៅអ្នកគ្រប់គ្រងពន្ធនាគារទៅទៀត។

ពេលនេះគាត់មកដល់កម្ពុជាវិញហើយ ប៉ុន្តែគាត់កំពុងព្យាយាមស្វែងរកក្រុមគ្រួសារគាត់ ខាងក្រុមការងារបានជួយសម្របសម្រួលជូនគាត់។

*** នេះគ្រាន់ជារឿងមួយក្នុងចំណោមរឿងហេតុជាច្រើន បើទោះបីជាគាត់មិនមែនជាជនរងគ្រោះក្នុងករណីជួញដូរមនុស្សពេញលេញ ជាករណីឆរបោក ប៉ុន្តែខ្ញុំសន្និដ្ឋានថា ករណីគាត់គឺជាផ្នែកតូចមួយនៃអំពើជួញដូរមនុស្ស ព្រោះអាចឈានទៅដល់ការជួញដូរមនុស្ស។

*** បញ្ហាមួយដែលបង្ហាញពីបាត់ខ្លួនរបស់ប្រជាជនមិនដឹងមូលហេតុ។ ជួនកាលពួកគាត់ជាពលករ ជាពិសេសពលករអន្តោប្រវេសន៍ខុសច្បាប់ ដែលពួកគាត់ប្រឈមនិងការបាត់ដំណឹងដោយរបៀបនេះ ឬបាត់ដំណឹងត្រូវបានគេបញ្ចូនបន្តខុសពីគោលដៅ គោលបំណងដែលគាត់រំពឹងពីប្រទេសដើម ហើយត្រូវស្លាប់អាសារឥតការ (នៅក្នុងឯកសាររបស់LPNថៃ ដែលគេបានបង្ហាញពេលខ្ញុំចូលរួមប្រជុំនៅត្រាត គេបានបង្ហាញពីកោះមួយក្បែរម៉ាឡេស៊ីដែលមានកប់សាកសពពលករនេសាទសមុទ្រដែលស្លាប់នៅលើទូកនេសាទ ជាច្រើនជាងពាន់នាក់មានសញ្ជាតិផ្សេងៗជាពិសេសឡាវ ភូមា ខ្មែរ ក្នុងនោះមានផ្លាកមួយបានបង្ហាញថា ខ្មែរ មានតែឈ្មោះហៅលេង តែគ្មានអត្តសញ្ញាណព្រោះគាត់ជាពលករអន្តោប្រវេសន៍ខុសច្បាប់។ សពត្រូវគេកប់ត្រួតគរលើគ្នា ក្នុងរណ្ដៅតែមួយ ព្រោះគ្មានអត្តសញ្ញាណ ដោយគេដឹងថាយកចេញពីទូកមួយណា)។

**** បងប្អូនធ្វើដំណើរទៅបរទេស សូមមានការប្រុងប្រយ័ត្នកំរិតខ្ពស់ក្នុងការទទួលបញ្ញើ ជាពិសេសពីជនមិនស្គាល់សាវតា។

*****សូមចងចាំថា ចំណាកស្រុកដោយខុសច្បាប់ ងាយនឹងប្រឈមនូវទុក្ខទោស និងការកេងប្រវ័ញ្ចផ្សេង!!!

ប្រភព៖ Ran Sereyleakhena

Leave a Reply

Your email address will not be published. Required fields are marked *