អស្ចារ្យខ្លាំងណាស់!!! សំរាប់កីឡាករវ័យក្មេងកម្ពុជា ខាន់ ចេសា នៅតែបន្តដណ្ដើមបានមេដាយមាស កម្រិតពិភពលោក ជូនកម្ពុជា នៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត…

អស្ចារ្យខ្លាំងណាស់!!! សំរាប់កីឡាករវ័យក្មេងកម្ពុជា ខាន់ ចេសា នៅតែបន្តដណ្ដើមបានមេដាយមាស កម្រិតពិភពលោក ជូនកម្ពុជា នៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត...

ភ្នំពេញៈ កីឡាករវ័យក្មេងកម្ពុជា ទាំងពីររូប នៅតែបន្តលើកស្ទួយកិត្តិយសទកម្ពុជា នៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការប្រកួតលក្ខណៈអន្តរជាតិលើវិញ្ញាសារៀងៗខ្លួន ក្នុងពេលជាមួយគ្នា ខាន់ ចេសា ដណ្ដើមបានមេដាយមាស ២គ្រឿង ក្នុងការប្រកួតកីឡាជឺជិតស៊ូកម្រិតពិភពលោក JiuJitsu International World Championships នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សាលី អ៊ូមើត ដណ្តើមលេខ១ ក្នុងការប្រកួត 2018 Baili Liujiang International Jetski Open នៅប្រទេសចិន។

លោក Peter Khan ឪពុកកញ្ញា ខាន់ ចេសា បានរៀបរាប់ប្រាប់មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពីសហរដ្ឋអាមេរិកថា កូនស្រីរបស់ខ្លួន បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកខាងលើ កាលពីចុងសប្ដាហ៍កន្លងទៅ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៩គីឡូក្រាម ខណៈមានជើងខ្លាំងមកពីជុំវិញពិភពលោកចូលរួម។ ក្នុងការប្រកួត ចេសា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះលើគូប្រជែងជាបន្ដបន្ទាប់ រហូតដណ្ដើមបានមេដាយមាស ២គ្រឿងតែម្ដង។

បុរសទទួលបានសញ្ជាតិអាមេរិករូបនេះ បន្ដថា បើគិតចាប់ពីខែសីហា មកទល់ពេលនេះ មេដាយមាសខាងលើ គឺជាជោគជ័យលើកទី៣ របស់កីឡាការិនី ខាន់ ចេសា ដែលបានចូលរួមប្រកួត ៣ក្របខណ្ឌផ្សេងគ្នា រួមទាំងការដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ បន្ថែមលើនេះលោក Peter ក៏បានប្ដេជ្ញាជំរុញ និងពង្រឹងសមត្ថភាពកូនស្រី ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនកម្ពុជាជាបន្ដបន្ទាប់ទៀតផង។

សូមបញ្ជាក់ថា កីឡាការិនីវ័យ ១៧ឆ្នាំ ខាន់ ចេសា គឺជាកីឡាការិនីទី២ ដែលជួយឲ្យកម្ពុជា ដណ្ដើមបានមេដាយមាស ពីព្រឹត្តិការណ៍ Asian Games បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសទី១ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៤។ មិនតែប៉ុណ្ណោះ ចេសា ក៏ធ្លាប់បានបង្ហើបមហិច្ឆតារបស់ខ្លួន នឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីដណ្ដើមមេដាយមាសជូនកម្ពុជា ហើយគោលដៅសំខាន់របស់នាង គឺកញ្ញាចង់ដណ្ដើមមេដាយកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន៕

Leave a Reply

Your email address will not be published. Required fields are marked *