ស្ទើរស្រក់ទឹកភ្នែក!!! ម៉ែកូនចង់ប្រាប់ម៉ែថា ទោះបីជាកូនពិការដៃសងខាងក៏ដោយ ក៏កូនអាចមើលថែរក្សាអ្នកម្តាយបានដែរ….!!!

ស្ទើរស្រក់ទឹកភ្នែក!!! ម៉ែកូនចង់ប្រាប់ម៉ែថា ទោះបីជាកូនពិការដៃសងខាងក៏ដោយ ក៏កូនអាចមើលថែរក្សាអ្នកម្តាយបានដែរ....!!!

ចិន៖ ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក របស់បុរសពិការដៃទាំងសងខាង ដែលជាកូនប្រុសម្នាក់ បានប្រើជើងលើកដួសបាយបញ្ចុកម្តាយ ដែលសម្រាកឈឺនៅមន្ទីរពេទ្យ និងជួយការងារម្តាយជាច្រើនផ្សេងទៀត បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើន ក្តុកក្តួលក្នុងចិត្ត ស្ទើរស្រក់ទឹកភ្នែក ចំពោះសកម្មភាពដ៏កតញ្ញូ មិនរុញរាមួយនេះ។

សកម្មភាពមើលថែទាំម្តាយរបស់លោក Chen

បុរសពិការដៃទាំងសងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Chen Zifang មានអាយុ ២៩ឆ្នាំ (កើតឆ្នាំ១៩៨៩) ជាអ្នកស្រុករស់នៅក្នុងភូមិ Xujiawan តំបន់ Enshi ខេត្ត Hubei ប្រទេសចិន។

ងាកទៅកាន់អតីតកាលបន្តិច លោក Chen គឺជាមនុស្សម្នាក់ដែលពិការដៃទាំងសងខាងពីកំណើត។ នៅពេលដែលលោកអាយុទើបតែបាន ៩ខែ ជាអកុសលឪពុកត្រូវលាចាកលោក ដោយសារតែជំងឺធ្ងន់ធ្ងរ។ ចាប់តាំងពីពេលនោះមក រាល់បន្ទុកទាំងអស់ក្នុងគ្រួសារ ត្រូវធ្លាក់លើម្តាយរបស់លោកជាអ្នករ៉ាប់រងយ៉ាងលំបាកលំបិន ព្រោះថាត្រូវរកប្រាក់ចិញ្ចឹមកូនៗទាំងពីរ ពោលគឺលោក Chen និងបងប្រុសរបស់លោកម្នាក់ទៀត។

អាចនិយាយបានថា ជាស្រ្តី និងជាម្តាយដ៏រឹងមាំម្នាក់ តស៊ូចិញ្ចឹមកូនប្រកបដោយគំនិត និងអាកប្បកិរិយាវិជ្ជមាន ទើបធ្វើឲ្យលោក Chen មានកម្លាំងចិត្ត ហើយក៏មិនដែលបោះបង់ការខិតខំប្រឹងប្រែងណាមួយនៅក្នុងជីវិតនោះឡើយ។

ដោយក្តីជម្នះតស៊ូ មិនចង់ឲ្យពេលវេលាគ្របដណ្ដប់លើជោគវាសនារបស់ខ្លួន លុះចូលដល់អាយុ ៤ឆ្នាំ លោក Chen ក៏បានចាប់ផ្តើមរៀនងើបឈរឡើងដោយខ្លួនឯង ប៉ុន្តែផ្ទុយទៅវិញ វាមិនមែនជារឿងងាយស្រួលនោះឡើងសម្រាប់លោក ក្នុងការឈររក្សាតុល្យភាពខ្លួនឲ្យនឹងន ដោយសារតែលោកគ្មានដៃជំនួយ។

តែទោះយ៉ាងណា លោកនៅតែព្យាយាម ងើបឡើងម្តងហើយម្តងទៀត ដល់ថ្នាក់ដួលរងរបួសស្នាមជាំពេញខ្លួនក៏មាន។ ការខិតខំមួយនេះ នៅទីបំផុតលោកក៏អាចមានសមត្ថភាពឈរបាន ដើរបាន ដូចគេដូចឯង។

សកម្មភាពមើលថែទាំម្តាយរបស់លោក Chen

ពេលវេលាចេះតែរំកិលទៅមុខ អាយុក៏កាន់តែច្រើន ខណៈនៅពេលដែលលោក Chen ពេញវ័យ លោកក៏មិនចង់ឲ្យនរណាម្នាក់ក្នុងគ្រួសារ បន្តបម្រើលោកទៀតនោះទេ។ ជាក់ស្តែង លោក Chen បានព្យាយាមធ្វើការងារផ្ទះជាច្រើន ក៏ដូចជាការងារប្រើកម្លាំងស្រាលៗមួយចំនួនទៀត ដោយប្រើជើង ទៅតាមលទ្ធភាពដែលលោកអាចធ្វើបាន។

ក្រោយមកទៀត ពេលដែលបងប្រុសរបស់លោកបានរៀបការ មានគ្រួសារផ្ទាល់ខ្លួន លោក Chen ក៏បានក្លាយទៅជាអ្នកមើលការងារខុសត្រូវ ក៏ដូចជាបន្ទុកផ្សេងៗនៅគ្រួសារ។ ពោលគឺ នៅសល់តែលោកម្នាក់គត់ ដែលត្រូវជួយមើលថែទាំម្តាយចំណាស់មានជំងឺ ដែលហាក់ឈឺស្ពឹកអស់ដៃជើងធ្វើអ្វីក៏មិនកើត ខណៈបច្ចុប្បន្នសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

លោក Chen ទទួលបានការសរសើរយ៉ាងខ្លាំង ចំពោះភាពតស៊ូអត់ធ្មត់នៅក្នុងជីវិត ថ្វីបើលោកជាមនុស្សពិការក្តី។ ជាពិសេស គឺលោកតែងតែជួយមើលថែទាំអ្នកម្តាយ ដោយមិនឲ្យទាស់ចិត្តនោះឡើយ។

ជាក់ស្តែង ជារៀងរាល់ថ្ងៃលោក Chen ត្រូវបានគេដឹងថា តែងតែជួយបញ្ចុកអាហារម្តាយ ដោយប្រើប្រាស់ជើងទាំងពីររបស់លោក បានយ៉ាងស្ទាត់ជំនាញ រួមទាំងការងារជាច្រើនផ្សេងទៀត ដូចជា ជួយសិតសក់ លើកសេរ៉ូម និងបញ្ចុកថ្នាំលេបជាដើម។

គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា បើលោក Chen ជាមនុស្សពិការដៃបែបនេះ តើលោកអាចយួរ ឬកាន់របស់របរផ្សេងទៀត បានដោយរបៀបណា? ជាការពិតណាស់ នៅរាល់ពេលដែលលោក Chen ចេញក្រៅ ទិញអាហារឲ្យម្តាយបរិភោគ គឺអ្នកលក់តែងរៀបចំច្រកក្នុងថង់យ៉ាងត្រឹមត្រូវ ដើម្បីឲ្យលោក Chen ងាយស្រួលខាំជាប់នឹងធ្មេញ។

សកម្មភាពមើលថែទាំម្តាយរបស់លោក Chen

បើតាមប្រភពបានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពជំងឺរបស់ម្តាយលោក Chen ហាក់បានធូរស្បើយច្រើនជាងមុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែមានការព្រួយបារម្ភខ្លាំង ដោយមិនដឹងថា ត្រូវជួយបង្ហាត់អ្នកម្តាយដោយរបៀបណា (ដូចជារៀនដើរជាដើម) ដើម្បីឆាប់ស្តារសុខភាពរូបរាងកាយឲ្យរឹងមាំឡើងវិញ ព្រោះបើលោកពិការគ្មានដៃបែបនេះ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវរបស់លោក Chen ខាងលើនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន សម្ដែងការអាណិតអាសូរ និងបានលើកទឹកចិត្តដល់លោក Chen ចំពោះការខិតខំប្រឹងប្រែងដែលលោកមាន ចេញពីក្រអៅបេះដូង មិនត្អូញត្អែរ បើទោះស្ថិតក្នុងស្ថានភាពលំបាកក្តី។

ក្នុងនោះ គ្រប់គ្នាក៏បានជូនពរដល់លោក Chen និងគ្រួសារ ដោយសង្ឃឹមថា ពួកគេនឹងទទួលបានការអាណិតស្រលាញ់ ពីសប្បុរជន ក្នុងការជួយជ្រោមជ្រែងនានា និងមានជីវិតដ៏គាប់ប្រសើរជាងនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *