រត់បាតជើងសរព្រៀត នៅតែរត់មិនរួច! ពលរដ្ឋដេញចាប់ជនសង្ស័យបានម្នាក់ នៅក្នុងត្រពាំងទឹកកំប្លោកស្អុយ ឯម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពី….

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដេញព័ទ្ធចាប់ខ្លួនតាងពីផ្លូវជាតិលេ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ រហូតរត់ដេញព័ទ្ធចាប់បានម្នាក់នៅ ក្នុងត្រពាំងកំប្លោក ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ នៅក្នុងត្រពាំងទឹកកំប្លោកស្អុយ រួចប្រគល់ឲ្យប៉ូលីស ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ។

ជនសង្ស័យម្នាក់ដែលចាប់ខ្លួនបានមានឈ្មោះ រិទ្ធ សំណាង ហៅអយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាសន្តិសុខ យាមនៅបុរី ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ បុល ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិជាមួយគ្នា បានរត់គេចខ្លួនបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ២នាក់ ប្រដាប់ដោយដែកចុងស្រួច នាំគ្នាទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល នៅចំណុចខាងលើ ឆ្កឹះសោបើកទ្វារបានហើយ គាប់ជួន វេលាស៊យនោះស៊យ ម្ចាស់អ្នកមើលការផ្ទះជួលមកទាន់ ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យ ផ្អើលនាំគ្នារត់បាតជើងសព្រាត ចោលម៉ូតូ ជនសង្ស័យម្នាក់ខាងលើ រត់ឆ្លងផ្លូវជាតិ ចុះទៅក្នុងទឹកកំប្លោកស្អុយ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដេញតាមចុះទៅរកក្នុងកំប្លោក ប្រទះឃើញជនសង្ស័យ កំពុងសង្ងំដេកត្រាំទឹកភក់ស្អុយ ចាប់បាន នាំឡើងគោក ប្រគល់ខ្លួនឲ្យសមត្ថកិច្ច វាយខ្នោះរួមជាមួយម៉ូតូមួយគ្រឿង ម៉ាក ស៊ូរ៉ុស ពណ៌ស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 1CA-2727 នាំយកទៅប៉ុស្តិ៍ចោមចៅ៣ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលចោមចៅទី៣ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *