ប្រជាពលរដ្ឋទប់កំហឹងសឹងមិនបាន ក្រោយពីជនជាតិចិនមួយក្រុមមានគ្នា២០នាក់ ចេញមុខមកកាង នារីចិនម្នាក់បើករថយន្ដបុកម៉ូតូព្យាយាមរត់

ប្រជាពលរដ្ឋទប់កំហឹងសឹងមិនបាន ក្រោយពីជនជាតិចិនមួយក្រុមមានគ្នា២០នាក់ ចេញមុខមកកាង នារីចិនម្នាក់បើករថយន្ដបុកម៉ូតូព្យាយាមរត់

ភ្នំពេញៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខបុរីញ៉ូវថោន ដែលស្ថិតនៅភូមិ អង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយរថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ បើកបរដោយស្ត្រីជនជាតិចិនម្នាក់ បើករថយន្តលឿនដូចហោះបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង។ ទៅបុកម៉ូតូមួយគ្រឿង ពេញទំហឹងបណ្តាលឱ្យដួលរងរបួសស្រាល ហើយរថយន្តបង្កព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចដេញតាមឃាត់បាន បង្កឱ្យមានការភ្ញាក់ផ្អើល។ ស្រាប់តែមានបុរសជនជាតិចិនមួយក្រុមជាង២០នាក់ បានរត់ដេញចាប់យកទូរស័ព្ទ និងភ្លើងហ្វារបស់អ្នកយកព័ត៌មាន ហាមមិនឱ្យថតរូបស្រ្តីជនជាតិចិនខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ស បើកដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតជិះម្នាក់ឯង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-3463 បើកបរដោយស្រ្តីជនជាតិចិនម្នាក់ បើកបរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ដោយមិនបន្ថយល្បឿន ក៏បានបុកម៉ូតូរងគ្រោះចំទទឹងម៉ូតូផ្នែកខាងមុខពេញទំហឹងបណ្តាលឱ្យដួលម៉ូតូ ចំណែកអ្នកបើករងរបួសស្រាល។ រីឯរថយន្តបង្កខាងលើ ដាច់កាងខាងមុខ បានបើកជ្រុះកាងតាមផ្លូវ ហើយនៅតែព្យាយាមបើករត់តាំងពីកន្លែងកើតហេតុរហូត ជិត២គីឡូម៉ែត្រ ទៅដល់ផ្លូវជាតិលេខ៣ ក្បែរបុរីសុខសាន ទើបសមត្ថកិច្ចឃាត់បានភ្លាមៗផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលសមត្ថកិច្ចឃាត់បានស្រ្តីជនជាតិចិន ដែលបើករថយន្តបង្កបានហើយបម្រុងបញ្ជូនទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ស្រាប់តែមានអ្នកបកប្រែភាសាចិន និងជនជាតិចិនមួយក្រុមជាង២០នាក់ បានចេញមុខមកជួយអន្តរាគមន៍ឱ្យនាំស្រ្តី ជាអ្នកបើករថយន្តបង្កយកទៅដោះស្រាយនៅកន្លែងកើតហេតុវិញ ទើបសមត្ថកិច្ចនាំទៅដោះស្រាយនៅកន្លែងកើតហេតុ។

ខណៈពេលទៅ ដល់កន្លែងកើតហេតុ ស្រ្តីជាអ្នកបើករថយន្តបង្កមិនបានចុះពីលើរថយន្តទេ ក៏ត្រូវអ្នកយកព័ត៌មានឈរបើកភ្លើងហ្វាថតយករូបភាពអ្នកបើករថយន្តបង្ក ស្រាប់តែជនជាតិចិនមួយក្រុមមានគ្នាជាង២០នាក់ ដែលមកជួយអន្តរាគមន៍នោះ បានរត់ដេញចាប់យកទូរស័ព្ទដៃនិងភ្លើងហ្វា ពីអ្នកសារព័ត៌មានដោយរត់ប្រសេចប្រសាចពេញកន្លែងកើតហេតុ ហាមមិនឱ្យថតរូបភាពទេ ធ្វើឱ្យប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ទប់កំហឹងមិនបានបម្រុងនាំគ្នាព្រួតវាយជនជាតិចិនទាំងនោះវិញ កុំតែសមត្ថកិច្ចឃាត់កុំអីប្រជាពលរដ្ឋប្រដៅជនជាតិចិន ដែលមករស់នៅស្រុកខ្មែរ មិនគោរពច្បាប់ទម្លាប់ហើយថែមទាំងផឹកស៊ីស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកទ្រូងផ្លូវ បុកម៉ូតូបណ្តាលឱ្យរងរបួសបាក់ដៃបាក់ជើង ខ្លះទៀតរហូតបាត់បង់ជីវិតជារៀងរាល់យប់មិនដែលខានឡើយ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានដកហូតយកទូរស័ព្ទនិងភ្លើងហ្វាសម្រាប់បំភ្លឺថតរូបយកមកឱ្យអ្នកយកព័ត៌មានវិញ។ ដោយឡែកពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ខាងបង្ កមានតំណាងចេញមុខសំរបសំរួល ហើយភាគីខាងរងគ្រោះ បានទាមទារសំណង ចំនួន១ពាន់ដុល្លារ សំរាប់ថ្លៃជួសជុលម៉ូតូនឹងព្យាបាលរបួស ខាងបង្កបានសងសំណង១ពាន់ដុល្លារ បញ្ចប់រឿងភ្លាមៗផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *