កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ប្រមាណ​ជាង២ពាន់​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម ទាមទារដំឡើងប្រាក់ខែ

ភ្នំពេញៈ កាលពីវេលា​ម៉ោង៧ៈ៤០នាទី​យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ប្រមាណ​ជាង២ពាន់​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម នៅ​កា​រ៉ា​ស​រថយន្ត​ស៊ីន​ទ្រី ដោយបាន​នាំគ្នា​តវ៉ា អត់​ធ្វើការ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន ដំឡើង​ប្រាក់ខែ​ឲ្យ​ពួកគេ ចំនួន១២ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល ដោយ​ទាមទារ​លក្ខខណ្ឌ ចំនួន៤ចំណុច ដូចជាៈ 

១.សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់សំរាក​ប្រចាំឆ្នាំ​ដែល​នៅសល់។  ២.ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រកា​សលេខ ៤៤៣ ក.ប.ប្រ.ក.ខ​ល។ ៣.ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ ចំនួន១៥ដុល្លារ សម្រាប់​ឆ្នាំ២០១៩។ ៤.បញ្ហាផ្សេងៗ។ ប្រាក់ខែ​ពួកគាត់ បាន​ចែកជា២វេន គឺ​វេន​យប់ និង​ថ្ងៃ ដោយ​អ្នកធ្វើការ​វេន​ថ្ងៃ​ទទួលបាន​ប្រាក់ខែ​ចំនួន៥១ម៉ឺន និង​អ្នកធ្វើការ​វេន​យប់​ទទួលបាន​ប្រាប់​ខែ៦១ម៉ឺន ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ ដោយ​ពួកគាត់​ទាមទារ ឲ្យ​ខាង​ក្រុមហ៊ុន ដំឡើង​ប្រាក់ខែ​ចំនួន១២ដុល្លារ លើ​ប្រាក់ខែ​គោល​ពួកគាត់​បន្ថែមទៀត ព្រមទាំង​ឲ្យ​ក្រុមហ៊ុន ផ្តល់​សេវា​ថែមទាំង​សុភាព នឹងមាន​ប្រាក់​បំណាច់​ឆ្នាំ និង​ហូបចុក​ដូច កម្មករ កម្មការិនី រោងចក្រ​ដែរ។

លទ្ធផល​ក្នុងការ​ដោះស្រាយ ភាគី​ក្រុមហ៊ុន​ក្រុមហ៊ុន​ស៊ិន​ទ្រី ព្រមព្រៀង​ចំនួន៣ចំណុច​គឺ​ទី(១.២.៤) ចំពោះ​ចំណុច​ទី៣ ដែល​កម្មករ​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ១៥ដុល្លារបន្ថែម ពីលើ​ប្រាក់ខែ​បច្ចុប្បន្ន គឺ​ខាង​ក្រុមហ៊ុន​ឲ្យ​តែ៦ដុល្លារប៉ុណ្ណោះ និង​ដំឡើង​ឲ្យ១ដុល្លារទៀត នៅ​ខែ៧ ឆ្នាំ២០១៩ តែ​ខាង​កម្មករ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ​ទេ តែ​បញ្ចុះ​នៅត្រឹម១២ដុល្លារ។

ហេតុការណ៍​នេះដែរ ក៏មាន​ការប៉ះទង្គិច​គ្នា រវាង​កម្មករ​ស៊ីន​ទ្រី​គ្នាឯង និង​កម្មករ​គ្នាឯង ដោយមាន​អ្នកខ្លះ​ចង់បាន​ប្រាក់ខែ​ប៉ុណ្ណឹង ហើយ​អ្នក​ខ្លះទៀត ទាមទារ​ដំឡើង​ប្រាក់ខែ។

ដោយឡែក​ខាង​ក្រុមហ៊ុន​វិញ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​ ឲ្យ​ចូល​ចរចារ​គ្នា តែ​ខាង​ក្រុមហ៊ុន​ឡើង​ឲ្យ​ដែរ តែ​តម្លៃ​ទាប​ពេក គឺ​ត្រឹមតែ៦ដុល្លារ ទើប​ពួកគាត់​ជា​កម្មករ​ទទួលយក​មិនបាន គឺ​ទាមទារ១២ដុល្លារ ទើប​ព្រម​ចូលធ្វើការ​វិញ ដូច្នេះហើយ​បើសិនជា​ការចរចា​មិនត្រូវ​គ្នា​ទេ ខាង​កម្មករ​មិន​ព្រម​ចេញទៅ​ប្រមូល​សំរាម​វិញ​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *