សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះបិទទីតាំងផលិតរថយន្ដកែឆ្នៃ មួយកន្លែង

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះបិទទីតាំងផលិតរថយន្ដកែឆ្នៃ មួយកន្លែង

ខេត្តបន្ទាយមានជ័យៈ បញ្ហាការកែច្នៃកាត់ត និងតម្លើងរថយន្តខុសច្បាប់ គឺតែងតែបង្កនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ពេលដែលអ្នកទិញយកមកប្រើប្រាស់នៅលើផ្លូវសារណៈ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងកែច្នៃរថយន្ត ដែលកំពុងធ្វើសកម្មភាពយករថយន្តនាំចូលគេចពន្ធកាត់ជា២ទៅ៣កំណាត់យកមកតំឡើងនៅសិប្បកម្មមួយកន្លែងដោយខុសច្បាប់។

ទីតាំងសិប្បកម្មនោះមានម្ចាស់ឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការបង្រ្កាបនេះក៏មានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការ ឆ្មក់ចូលទីតាំងនោះផងដែរ សមត្ថកិច្ចបានឆែកឆេរ ត្រួតពិនិត្យ និងដកហូតវត្ថុតាង រថយន្តម៉ាកតូយូតា លុចស៊ីស RX៣០០ ពណ៌ខ្មៅតភ្ជាប់រួច ១គ្រឿង, រថយន្តម៉ាកតូយូតា ហាយឡិនឌ័រ ពណ៌សតភ្ជាប់រួច ១គ្រឿង, រថយន្តម៉ាកតូយូតាហាយព្រីត ឆ្នាំ២០០៧ ពណ៌ស្ករ ដាច់ជាពីរ មិនទាន់តភ្ជាប់១ គ្រឿង, ក្បាលរថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅ គ្មានតួ១គ្រឿង, រថយន្តម៉ាកលុចស៊ីស RX៣០០ ពណ៌ប៉ៃតង១គ្រឿង តម្លើងរួច មិនទាន់ដាក់ពូកកៅអី និងដកហូតសម្ភារៈពាក់ព័ន្ធនឹងការតំឡើងរថយន្ត មួយចំនួនផងដែរ។

តាមប្រភពព័ត៌មានពីនគរបាលផែនប្រឆាំងបទល្មើសបានប្រាប់ឱ្យដឹងថា៖ ក្នុងកិច្ចការងារដែលកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចចុះបង្រ្កាបទីតាំង សិប្បកម្មកែច្នៃរថយន្តខុសច្បាប់អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការ បង្ការទប់ស្កាត់នៃ ការនាំចូលរថយន្តគេចពន្ធខុសច្បាប់ ក្នុងរូបភាពនាំចូល រថយន្តអេតចាយកាត់ជាពីរទៅបីកំណាត់ និងយកតម្លើង ដោយខុសទៅនឹងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយការយកទៅប្រើប្រាស់ចំពោះរថយន្តកាត់តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស វាប្រឈមបញ្ហាគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋ ។

នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបន្តឱ្យដឹងទៀតថា៖ ទីតាំងសិប្បកម្មកែច្នៃ និងតម្លើងរថយន្តខុសច្បាប់ខាងលើ ក្រោយធ្វើការត្រួតពិនិត្យ និងដកហូតវត្ថុតាងជាក់ស្តែងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ និងបានបិទទ្វារ បញ្ឈប់សកម្មភាព នៃការធ្វើអាជីវកម្មមួយរយៈរងចាំឱ្យម្ចាស់សិប្បកម្មចូលខ្លួន ទៅដោះស្រាយតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *