ចិនទៀតហើយ…ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៤៤​នាក់ នៅខណ្ឌទួលគោក ពាក់ព័ន្ធករណីចាប់ជំរិត​ទារប្រាក់​…

ចិនទៀតហើយ...ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៤៤​នាក់ នៅខណ្ឌទួលគោក ពាក់ព័ន្ធករណីចាប់ជំរិត​ទារប្រាក់​...

ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៤៤​នាក់ ដែលជាប់ពាក់ព័ន្ធក្រុម​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ឡោ​ព័ន្ធ​ឆែកឆេរខុន​ដូ​កម្ពស់​៩​ជាន់​មួយកន្លែងគ្មានស្លាក​យីហោ ជាក់ស្តែង​ដកហូត​គ្រឿង​អេ​ឡិច​ត្រូនិ​ចនិងកុំព្យួរ័ទជាច្រើនគ្រឿង ដែល​ជា​មធ្យោបាយ​ចាប់ជំរិត​ទារប្រាក់ ។ ក្នុងករណីបង្ក្រាបក្រុមជនជាតិចិនខាងលើ​​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា​ ឆ្នាំ២០១៩ នៅ​ចំណុច​ខុន​ដូ​អត់​យីហោ ស្ថិត​នៅ​អគារ​លេខ​១៧ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេរ​ប៉ូ​ទី​៣ ខណ្ឌទួលគោក ។

យោងតាមមន្រ្តីនគរបាលជំនាញក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស៊ីវ ឈាន់ អនុប្រធាន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​មានការ​សម្របសម្រួល​ដោយ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នៃ​ក្រសួងមហាផ្ទៃ ,កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំងនគរបាល​មូល​ដ្ឋា​នខណ្ឌទួលគោក​ផង​ដែរ ។ ដោយកម្លាំងចម្រុះ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ខុន​ដូ​នេះ តាំងពី​វេលា​ម៉ោង​​៩​ព្រឹកថ្ងៃ​ទី​១០ ខែកញ្ញា​ ឆ្នាំ២០១៩ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើបកម្លាំងជំនាញឆែកឆេរ​រក​ឃើញ​ជនជាតិ​ចិន​១៤៤នាក់ ​ដែល​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ខុន​ដូ​កម្ពស់​៩​ជាន់ ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​តទៅ​ក្រៅប្រទេស ។

ដោយឡែកយោងតាមមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងដែលថា ក្រុមជនជាតិចិនខាងលើនេះហ៊ានជួលខុន​ដូរនេះ ក្នុង​តម្លៃ​១​ខែ​២៥០០០​ដុល្លារ ដោយបានជួល​អស់​រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ សម្រាប់ធ្វើ​ជាសកម្មភាព​ចាប់ជំរិត​ប្រាក់ពីក្រៅប្រទេសផងដែរ ។

បន្ទាប់ពីឃាត់ខ្លួនជនជាតិ​ចិនប្រុសស្រីបាន​ចំនួន​១៤៤​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ជាក់ស្តែង​ដកហូត​គ្រឿង​អេ​ឡិច​ត្រូនិ​ចនិងកុំព្យួរ័ទជាច្រើនគ្រឿង ដែល​ជា​មធ្យោបាយ​ចាប់ជំរិត​ទារប្រាក់ រួចបញ្ជូនទៅនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕

ដោយ៖ ភារ៉ា 

Leave a Reply

Your email address will not be published. Required fields are marked *