មានសង្ឃឹមហើយប្អូនៗ ! សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទេសរដ្ឋមន្ដ្រី គន់ គីម ចុះទៅពិនិត្យផ្ទាល់ និងសាងសង់អគារជាបន្ទាន់ជូនលោកគ្រូ អ្នកគ្រូ…

មានសង្ឃឹមហើយប្អូនៗ ! សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទេសរដ្ឋមន្ដ្រី គន់ គីម ចុះទៅពិនិត្យផ្ទាល់ និងសាងសង់អគារជាបន្ទាន់ជូនលោកគ្រូ អ្នកគ្រូ...

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយសាងសង់អគារសិក្សាជាបន្ទាន់ជូនពួកគេ។

បទបញ្ជា និងការផ្ដល់អគារសិក្សារបស់ប្រមុខនៃរាជរដ្ឋាភិបាល ខាងលើនេះ បានកើតឡើងភ្លាមក្រោយពីមានព័ត៌មាន និងរូបភាពសិស្សានុសិស្សមួយក្រុម នៃសាលាបឋមសិក្សាអូរជុញក្រាល កំរាលតង់រៀនក្រោមដើមឈើ ក៏ដោយសារពួកគេខ្វះបន្ទប់សិក្សា ហើយរូបភាពទាំងនេះត្រូវបានគេបង្ហោះ និងចែករំលែកនៅតាមបណ្ដាញសង្គម Facebook។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃត្រង់ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រើឲ្យខ្ញុំទៅមើលសាលាហ្នឹង ដើម្បីស្ដាប់ពីសេចក្ដីរាយការណ៍របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវការប៉ុន្មាន។ គាត់ឲ្យសាងសង់អគារជូនពួកគេជាបន្ទាន់ ហើយពេលនេះ ខ្ញុំកំពុងធ្វើដំណើរទៅកន្លែងគោលដៅហ្នឹង»។

អភិបាលស្រុកជាំក្សាន្ដ លោក ជា គឹមសេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ដោយទទួលស្គាល់ថា សាលាបឋមសិក្សាអូរជុញ ពិតជាខ្វះអគារសិក្សាប្រាកដមែន ដោយបច្ចុប្បន្នមានតែអគារឈើ ៥បន្ទប់ និងសិស្សានុសិស្សជាង៤០០នាក់។

ក្រោយមានព័ត៌មាននេះ អាជ្ញាធរ និងក្រុមការងារបានទៅជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅទីនោះ ដើម្បីស្ដាប់ពីតម្រូវការជាក់ស្ដែងផងដែរ។

សម្រាប់វិស័យអប់រំនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រមុខនៃរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត រហូតបានទាញយកចំណុចធនធានមនុស្សជាអាទិភាពទី១វិញ ក្នុងចំណោមអាទិភាពទាំង៤ ដែលសម្ដេចដាក់ចេញកសាង និងអភិវឌ្ឍន៍ប្រទេសក្រោយចប់សង្គ្រាម គឺ ទឹក ផ្លូវ ភ្លើង មនុស្ស៕ ប្រភព៖ Fresh News

Leave a Reply

Your email address will not be published. Required fields are marked *