សើចចុកពោះ! តេប្រាប់ថាត្រូវរង្វាន់១ម៉ឺន$ហើយ ជនឆបោកអូស​កាឡាសុំធ្វើសង្សារទៀត

វីដេអូ​មាន​ជន​ឆបោក​តាម​ទូរសព្ទ​ដោយ​ប្រាប់​ថា ត្រូវ​រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ យើង​តែង​តែ​សង្កេត​ឃើញ​មាន​ជា​បន្ត​បន្ទាប់​មិន​ចេះ​ចប់​នៅ​លើ​ប្រព័ន្ធ​​អ៊ីនធឺណិត ​អ្នក​ខ្លះ​ត្រូវ​គេ​បោក​បានសម្រេច​ ឯ​អ្នក​ខ្លះ​ចេះ​សួរ​រក​ហេតុផល​ច្បាស់​លាស់ មិន​អាច​បោក​​បាន​ទេ។

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​វីដេអូ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ទាំង​លេខ​ទូរសព្ទ​ជន​ឆបោក​ច្បាស់​ផង ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត និង​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ជន​ទាំង​នោះ តែ​គេ​កម្រ​ឃើញ​អាជ្ញាធរ​ចាប់​បាន​ណាស់។ ​ក្នុង​ការ​ប្រើ​ល្បិច​បោក​ប្រាស់​លើគោក​ៗ​របស់​ជន​ឆបោក ពួក​គេ​តែង​តែ​យក​ធនាគារ​អេស៊ីលីដា មន្ត្រី​រដ្ឋាភិបាល និង​ឧកញ្ញា​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ជា​ផ្ទាំង​ស៊ីប​ដើម្បី​បោក​ជន​រងគ្រោះ​ឲ្យ​​ជឿស្លុង។

ក្នុង​វីដេអូ​បោក​ប្រាស់​ខាង​ក្រោម​នេះ ​ជន​ឆបោក​បាន​កុហក​ថា ​លេខ​ទូរសព្ទ​របស់​ជន​រងគ្រោះ​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ត្រូវ​រង្វាន់​ចំនួន​ ១​ម៉ឺន​ដុល្លារ​ក្នុង​ចំណោម​១០​នាក់​ទៀត ដើម្បី​អបអរ​សាទរ​គម្រប់​ខួប​ ១០​ឆ្នាំ​នៃ​ធនាគារ​អេស៊ីលីដា​ដោយ​សហការ​ជាមួយ​ធនាគារ​ជាតិ។ ​តែ​ដើម្បី​បាន​ទឹក​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​នេះ ​ជន​ឆបោក​បាន​ប្រាប់​​ជន​រងគ្រោះ​ជា​កញ្ញា​វ័យ​ក្មេង​ម្នាក់ រៀប​ចំ​ផ្ទះ​ឲ្យ​ស្អាត រួច​ទៅ​ទិញ​កាត​ទូរសព្ទ​ចំនួន ៦​ដុល្លារ​មក​បញ្ចូល​ក្នុង​ទូរសព្ទ​ដៃ​ដែល​មាន​លេខ​គេ​ចាប់​ឆ្នោត​ត្រូវ​ខាង​លើ ដើម្បី​ទាញ​យក​លេខ​កូដ​បើក​ទឹកប្រាក់​ពី​ប្រព័ន្ធ​កុំព្យូទ័រ។

​សារ​ឆ្លើយ​ឆ្លង​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​អស់​សំណើច​ជាង​គេ​នោះ ​នៅ​ជិត​បញ្ចប់​នៃ​វីដេអូ ជន​ឆបោក​បាន​សួរ​កញ្ញា​ថា នាង​មាន​គ្រួសារ​ឬ​នៅ អាយុ​ប៉ុន្មាន ​និង​ចុង​ក្រោយ​បែរ​ជា​សុំ​នាង​ធ្វើ​ជា​សង្សារ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ទប់​មិន​សើច​មិន​បាន។ ​ការ​ទូរសព្ទ​​ប្រាប់​ថា​ ត្រូវ​​រង្វាន់​​ដដែល​នេះ ​ជន​រងគ្រោះ​បាន​ដឹង​ជា​មុន​ហើយ​ថា​ជា​ការ​ឆ​បោកសុទ្ធសាធ​ ​ទើប​នាង​សម្រេច​ថត​វីដេអូ​​ទុក សម្រាប់​ចែក​ជូន​បងប្អូន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​​មាន​គេ​ទាក់​ទង​​​ថា​ ត្រូវ​រង្វាន់៕ ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ (សម្រួលអត្ថបទ៖ Morning Fresh)

ចុចមើលវីដេអូទិកតុកខ្មែរ ៖ https://bit.ly/2PmHlNI

Leave a Reply

Your email address will not be published. Required fields are marked *