សូមបងប្អូនប្រុងប្រយ័ត្ន…ក្រសួងធនធានទឹក និងឧតុនិយម ចរាចរស្តីពីការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់…

សូមបងប្អូនប្រុងប្រយ័ត្ន...ក្រសួងធនធានទឹក និងឧតុនិយម ចរាចរស្តីពីការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់...

យោងតាមការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គូបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុកនៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ។

យោងតាមការព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញថា៖

ស្ថានីយជលសាស្រ្តខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៨ ខែកញ្ញា ទឹកអាចកើនឡើងដល់ កម្ពស់១២,៣៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១២,០០ម៉ែត្រ)

ស្ថានីយជលសាស្រ្តខេត្តក្រចេះ ៖ នៅថ្ងៃទី០៩ ខែកញ្ញា​ ទឹកអាចកើនឡើងដល់កម្ពស់២៣,២០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ២៣,០០ម៉ែត្រ)

ស្ថានីយជលសាស្រ្តខេត្តកំពង់ចាម៖ នៅថ្ងៃទី១០ កញ្ញា ទឹកអាចកើនឡើងដល់ កម្ពស់១៥,៧០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១៥,២០ម៉ែត្រ)

ស្ថានីយជលសាស្រ្ត បាសាក់ ចតុមុខ រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់៩,៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០,៥០ម៉ែត្រ

ដោយឡែកចំពោះកម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ។

ទន្ទឹមនោះ ទឹកនៅតាមបណ្តាស្ទឹងមួយចំនួន ក៏បាន និងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។

យោងលើស្ពានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹក ដូចបានបញ្ជាក់ជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *