លាទាំងអាល័យ ! លោក អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ដែលរងគ្រោះផ្ទុះធុងហ្គាសនៅក្នុងក្រុងសៀមរាប

លាទាំងអាល័យ ! លោក អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ដែលរងគ្រោះផ្ទុះធុងហ្គាសនៅក្នុងក្រុងសៀមរាប

បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់ឈ្មោះ មឿន វិចិត្រ ហៅ កុយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ដែលបានទទួលរងគ្រោះដោយផ្ទុះធុងហ្គាស កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៩កន្លងមកនេះ នៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម ប្រាក់ សោភណ្ឌ័ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូខេត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុង និង អាជ្ញាធរស្រុកពួក អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅគេហដ្ឋាននៃសព ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់របស់ប្រជាពលរដ្ឋដ៏ស្លូតត្រង់មួយរូប ត្រូវជាស្វាមី ជាឪពុកជាទីស្រឡាញ់របស់ប្រពន្ធ និង កូនដែលជាទីពឹងដ៏រឹងមាំនៃក្រុមគ្រួសារ ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាននៅក្នុងក្រុមគ្រួសាររបស់ខ្លួន ព្រោះដោយសារស្ថានភាពរបួសបងប្រុស មឿន វិចិត្រ មានសភាពធ្ងន់ធ្ងរពេក ដែលមិនអាចឲ្យក្រុមគ្រូពេទ្យជំនាញជួយសង្រ្គោះអាយុជីវិតបងប្រុសបាន ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ក្នុងពេលបងប្អូនរងគ្រោះទាំង១៣នាក់ ដែលបានកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ឯកជន និង នៅក្រៅប្រទេស ក៏ដូចនៅតាមលំនៅដ្ឋាន អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនរងគ្រោះទាំងនោះ ដោយបានចុះទៅសួរសុខទុក្ខផ្ទាល់នៅតាមមន្ទីរពេទ្យ និង បានឧបត្ថម្ភនូវថវិកាក្នុងការព្យាបាលទៀតផង ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានធ្វើការណែនាំឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួយយកចិត្តទុកសម្របសម្រួលដល់ការរៀនសូត្ររបស់កូនៗនៃគ្រួសារសព ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ ដើមី្បបានសិក្សាបន្តទៀតផង ហើយឯកឧត្តម និង ប្រតិភូ បានធ្វើការបូជាទៀនធូប ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តលោក មឿន វិចិត្រ សូមឲ្យលោកបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។

ឯកឧត្តម ទៀ សីហា បាននាំយកថវិកាចំនួន ២លានរៀល និង សាខាកាកបាទក្រហមខេត្ត ចំនួន២លានរៀល និង សហភាពសហព័ន្ធយុវជនខេត្ត រួមទាំងគ្រឿងឧបភោគបរិភោគ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព មឿន វិចិត្រ យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនា ។

គួររំលឹកថា ឈ្មោះ មឿន វិចិត្រ មានមុខរបរជាអ្នកបើកបររថយន្តដឹកហ្គាស នៅហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅតាមផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ហាងបញ្ចូលហ្គាសរថយន្តនេះ បានផ្ទុះធុងហ្គាសហើយហើយបង្កើតជាអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យរងរបួសមនុស្សចំនួន១៣នាក់ មានស្រីចំនួន០៣នាក់ និង ជនបរទេសចំនួន០២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦នាក់ ។

បន្ទាប់ពីមានករណីផ្ទុះហាងបញ្ចូលហ្គាសកើតឡើង ដោយមានការយកចិត្តទុកដាក់ និង សម្របសម្រួលពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដែលជាជំហានដំបូង ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលជំងឺ ទាំងនៅមន្ទីរពេទ្យរដ្ឋ និង ពេទ្យឯកជន រួចបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសថៃ ចំនួន០៧​នាក់ ក្នុងនោះជនជាតិបរទេសចំនួន០១នាក់ , បញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ចំនួន០១នាក់ ជាជនជាតិបរទេស , កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និង ពេទ្យឯកជនក្នុងខេត្ត ចំនួន០៤នាក់ និង សុំសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន០១នាក់ ក្នុងនោះលោក មឿន វិចិត្រ ត្រូវបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសុរិន្ទ នៃព្រះរាជាណាចក្រថៃ ហើយត្រូវបានទទួលមរណភាពកាលពីវេលាម៉ោង១៦ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ និង បានដឹកបញ្ជូនសពមកដល់ខេត្តសៀមរាប វិញ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ៕

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ

កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ប្រភព ៖ #មន្ទីរព័ត៌មានខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *